តើកុំព្យូទ័ររបស់អ្នកធ្លាប់គាំង ហើយចេញផ្ទាំងខៀវឬទេ? បើធ្លាប់ តើអ្នកធ្វើយ៉ាងម៉េចទៅ? ប្រហែលចម្លើយភាគច្រើន គឺបិទដោយចុចប៊ូតុងថាមពល(power button)ឲ្យជាប់ហើយមើលទៅ? អ្នកដឹងទេថា កុំព្យូទ័រមិនមែនគាំង ហើយរលត់ភ្លាមៗ ដោយគ្មានមូលហេតុនោះទេ គឺវាមានមូលហេតុច្រើននៅពីក្រោយរឿងនេះ។ ផ្ទាំងខៀវដែលអ្នកឃើញនោះមានឈ្មោះថា ផ្ទាំងខៀវមរណៈ ឬ Blue Screen of Death។
ពេលកុំព្យូទ័រគាំង វាអាចលេចចេញផ្ទាំងតូចមួយដែលមានសរសេរថា Fatal error: the system has become unstable or is busy នេះមានន័យថាម៉ាស៊ីនកុំព្យូទ័ររបស់អ្នកកំពុងដំណើរការណ៍ខ្លាំង ជ្រុលពេកដែលមិនអាចឆ្លើយតបនឹងការបញ្ជារបស់អ្នកបាន។ បើជួបបញ្ហានេះ អ្នកប្រហែលជាចុច Control+Alt+Delete ដើម្បីចាប់ផ្តើមកុំព្យូទ័រជាថ្មី ប៉ុន្តែការធ្វើបែបនេះ នឹងធ្វើឲ្យបាត់បង់ឯកសារដែលកំពុងដំណើរការណ៍។
អីចឹងតោះយើងទៅមើលទាំងអស់គ្នា ចាំមើលកុំព្យូទ័រគាំដោយសារអី និងគួរដោះស្រាយវាបែបណា!ខាងក្រោមនេះ គឺជាមូលហេតុដែលធ្វើឲ្យកុំព្យូទ័រគាំង៖
១-បញ្ហាផ្នែករឹង ៖ នៅក្នុងម៉ាស៊ីនកុំព្យូទ័រមួយគ្រឿងតែងមានផ្នែករឹងជាច្រើនដូចជា ម៉ាស៊ីនព្រីន Mouse, Flash Drive ជាដើម ហើយ Windows តែងកំណត់លេខរៀង (IRQ) ឲ្យផ្នែករឹងផ្សេងៗគ្នា។ បើកាលណាលេខរៀងលើផ្នែករឹងនេះ ជាន់គ្នាវានឹងបណ្ដាលឲ្យកុំព្យូទ័រគាំង។ ដើម្បីចង់ដឹងថាវាមានបញ្ហានេះឬក៏អត់ អ្នកត្រូវចូលទៅ Device Manager ដោយចុច Start=>Setting=>Control Panel=>System=>Device Manager រួចមើលលើបញ្ជីឈ្មោះរបស់វា ថាតើមានសញ្ញាឧទានលើឈ្មោះមួយណាឬក៏អត់។ បើមានត្រូវលប់ ឬ uninstall វាចេញ រួចដំឡើងវាជាថ្មី។
២-បញ្ហា Ram Memory៖ អ្នកអាច Upgrade Ram កុំព្យូទ័ររបស់អ្នកបាន តែត្រូវប្រយ័ត្នព្រោះពេលខ្លះអ្នកអាចជ្រើសរើស Ram ពីរប្រភេទខុសគ្នាមកដាក់ជាមួយគ្នា ឬ Ram ដែលអ្នកដាក់មិនត្រូវជាមួយMotherboard ដែលនឹងបណ្ដាលឲ្យកុំព្យូទ័រគាំង ដោយចេញផ្ទាំង Fatal Error។ បើអ្នកមានជំនាញខ្លាំង អ្នកអាចចូលទៅជួសជុលក្នុង Bios រួចកំណត់ Wait State របស់ Ram ឬអ្នកអាចរក Ram ថ្មីមកជំនួសវិញ។
៣-បញ្ហា Hard Disk Drive៖ បន្ទាប់ពីប្រើកុំព្យូទ័រអស់រយៈពេលមួយ អាចពីរ បីខែ ឬ ដល់មួយឆ្នាំ Hard Disk របស់វានឹងមានភាពរញ៉េរញ៉ៃឬពាក្យបច្ចេកទេសកុំព្យូទ័រហៅថា Fragmented និងបណ្ដាលឲ្យមាន Temporary Files ច្រើន។ ប្រការនេះយូរៗ ទៅវានឹងធ្វើឲ្យកុំព្យូទ័រដើរយឺត ហើយអាចគាំងនៅពេលណាមួយមិនខាន។ ដូចនេះ អ្នកអាចដោះស្រាយបញ្ហានេះដោយ Defragment Hard Disk ឲ្យបានញឹកញាប់ និងលប់ឯកសារដែលមិនចាំបាច់ក្នុង Drive Windows ចោល។
៤-បញ្ហា Video Card៖ បើសិនអ្នកឃើញផ្ទាំងចេញសរសេរថា Fatal OE exceptions and VXD errors នេះមានន័យថាកុំព្យូទ័រអ្នកមានបញ្ហាជាមួយ Video Card ហើយ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវបន្ថយ Video Display Resolution ដោយចុចលើ Control Panel=> Display Setting។ រួចជ្រើសរើស Screen Resolution ដែលសាកសមសម្រាប់កុំព្យូទ័រអ្នក ហើយប្តូរលេខទៅជា 16bit ឬកំណត់ឲ្យសមខ្លួនឯង។
៥-មេរោគ៖ កុំព្យូទ័រគាំងភាគច្រើនគឺបណ្ដាលមកពីការឆ្លងមេរោគ។ ដើម្បីដោះស្រាយអ្នកគួរបើក Firewall និងដំឡើងកម្មវិធីកម្ចាត់មេរោគដើម្បីការពារ។ ចំពោះកម្មវិធីកម្ចាត់មេរោគអ្នកអាចជ្រើសរើសដោយខ្លួនឯង តែអ្វីដែលសំខាន់ត្រូវ Update វាឲ្យបានញឹកញាប់ដើម្បីការពារការឆ្លងមេរោគ។ ត្រូវចងចាំថា ទោះកម្មវិធីកម្ចាត់មេរោគមាន License ក៏ដោយ ក៏ត្រូវ Update ដែរ ព្រោះមេរោគចេះតែវិវត្តរៀងរាល់ថ្ងៃដោយសារមនុស្សបង្កើត។
៦-ម៉ាស៊ីនព្រីន៖ ពេលខ្លះបន្ទាប់ពីអ្នកដំឡើងម៉ាស៊ីនព្រីនហើយ ធ្វើឲ្យកុំព្យូទ័រគាំង។ នេះបណ្ដាលមកពី Driver របស់ម៉ាស៊ីនព្រីនមិនត្រូវជាមួយកំណែប្រែ Windows របស់អ្នក។ ឧទាហរណ៍អ្នកចង់ប្រើម៉ាស៊ីនព្រីនដែលមាន Driver សម្រាប់តែ Windows XP មកដាក់ឲ្យ Windows 7 នោះវាអាចធ្វើឲ្យកុំព្យូទ័រគាំងនៅពេលបើកវាជាថ្មី ហើយអ្នកនឹងឃើញផ្ទាំងខៀវដែលមានសរសេរនៅខាងក្រោមថា Driver Error។ ដើម្បីដោះស្រាយ អ្នកត្រូវចូលទៅក្នុង Safe mode ដោយចុច F8 ក្នុងករណីវាមិនបង្ហាញ រួចចាប់ផ្តើម System Restore ទៅកាន់កាលបរិច្ឆេទណាមួយ ដែលកុំព្យូទ័រមិនទាន់មានបញ្ហា។
៧-កម្មវិធី៖ ចំពោះកម្មវិធីមួយចំនួនដែលដំឡើងមិនបានត្រឹមត្រូវ ដូចជាអ្នកបញ្ឈប់នៅពាក់កណ្ដាល អាចបណ្ដាលឲ្យមានបញ្ហាដល់កុំព្យូទ័រទាំងមូលបាន។ កុំព្យូទ័រអាចគាំនៅពេលអ្នកព្យាយាមបើកកម្មវិធីទាំងនេះ ឬជួនកាលអ្នកមិនអាចបើកកុំព្យូទ័របានតែម្តង ដោយសារវាបានផ្លាស់ប្តូរ Driver របស់ Windows។ ដើម្បីដោះស្រាយ អ្នកគួរប្រើកម្មវិធីសម្អាត Registry ឬក្នុងករណីបើកWindows មិនបាន ត្រូវចូលក្នុង Safe mode ដូចចំណុចទី៦ដែរ។
៨-កម្ដៅ៖ ការឡើងកម្ដៅម៉ាស៊ីនកុំព្យូទ័រខ្ពស់ពេក ក៏បណ្ដាលឲ្យកុំព្យូទ័រគាំងដែរ ដូច្នេះគួរប្រើកុំព្យូទ័រដោយប្រុងប្រយ័ត្ន កុំឲ្យវាកើនកម្ដៅខ្លាំងពេក។ បើក្ដៅខ្លាំងពេក គួរបិទវាទុកសិន។
៩-Power Supply៖ ចំពោះអ្នកប្រើកុំព្យូទ័រលើតុ គួរប្រើ UPS ដើម្បីជួយផ្គត់ផ្គង់ភ្លើងឲ្យ Power Supply កុំព្យូទ័ររបស់អ្នក។ ការធ្វើបែបនេះ ក៏អាចជួយកាត់បន្ថយបញ្ហាកុំព្យូទ័រគាំងដែរ៕